Insta360 នៅក្នុងទីក្រុង Shenzhen ជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីមួយ បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមដ៏ប្លែក ដើម្បីលើកទឹកចិត្តឲ្យបុគ្គលិករបស់ខ្លួនឱ្យឆាប់មានគូរ។
ក្រុមហ៊ុននេះផ្ដល់រង្វាន់ប្រាក់ដល់បុគ្គលិកណាដែលចូលរួមនៅលើផ្លេតហ្វមស្វែងរកគូររបស់ខ្លួន ដោយមានគោលបំណងបង្កើនកម្លាំងចិត្តនៅកន្លែងធ្វើការ និងបង្កើតអារម្មណ៍សាមគ្គីភាព។
បុគ្គលិកអាចរកប្រាក់រង្វាន់ 66 យ័ន (ប្រហាក់ប្រហែល $9) សម្រាប់ការបង្ហោះនៅលើផ្លេតហ្វម ណែរនាំអ្នកអត់គូរម្នាក់ពីខាងក្រៅក្រុមហ៊ុន។ ហើយប្រសិនបើទំនាក់ទំនងដែលបង្កើតឡើងតាមរយៈវេទិកាមានចាប់ចិត្តស្រឡាញ់គ្នាលើសពី ៣ខែ ដៃគូរទាំងពីររូបនិងមេអណ្ដើកក៏នឹងទទួលបាន 1,000 យ៉ាន (ប្រហាក់ប្រហែល $140) ផងដែរ។
ចាប់តាំងពីការដាក់ឲ្យដំណើរការកន្លងមក មិនទាន់ដល់៣ខែ កម្មវិធីនេះមានបង្ហោះច្រើនជាង 500 ប៉ុស្ដិ ហើយក្រុមហ៊ុនបានចំណាយប្រាក់ជិត 10,000 យ័ន សម្រាប់ផ្ដល់រង្វាន់ឱ្យទៅបុគ្គលិក។ យ៉ាងណាមកទល់បច្ចុប្បន្នមិនទាន់មានរង្វាន់សម្រាប់ទំនាក់ទំនងដៃគូរយូរអង្វែងនៅឡើយទេ ដោយសារកម្មវិធីនៅថ្មីៗនៅឡើយ។
កម្មវិធីនេះបានបង្កើតឲ្យមាន ការយល់ឃើញផ្សេងៗគ្នាក្នុងចំណោមបុគ្គលិកនិងសាធារណជន។ បុគ្គលិកមួយរូបបាននិយាយបែបកំប្លែងថា "ក្រុមហ៊ុនរបស់ខ្ញុំមានចង់ឱ្យខ្ញុំមានគូរជាងម្ដាយខ្ញុំទៅទៀត"។ នៅលើបណ្ដាញសង្គម អ្នកខ្លះបានសរសើរគំនិតផ្ដើមនេះ ដោយសំណូមពរឲ្យមាននៅកន្លែងផ្សេងៗទៀត ខណៈពេលដែលអ្នកខ្លះទៀតបានរិះគន់ថាស្នេហាមិនគួរយកមកឡូកឡំនឹងលុយកាសក្នុងក្រុមហ៊ុននោះទេ។
កម្មវិធីនេះបង្ហាញឡើងនៅក្នុងរយៈពេលដែលអត្រាអាពាហ៍ពិពាហ៍ មានការថយចុះជាខ្លាំងនៅក្នុងប្រទេស ចិន។ ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ការចុះបញ្ជីអាពាហ៍ពិពាហ៍ថយចុះ 16.6% ក្នុងត្រីមាសទីមួយនៃឆ្នាំ 2024 ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ 2023 ។ អត្រាកំណើតរបស់ប្រទេសក៏បានមកដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ 2023 ដោយមាន 6.39 កំណើតក្នុងចំណោម 1,000 នាក់ប៉ុណ្ណោះ។
កម្មវិធីស្វែងរកគូររបស់ Insta360 បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការបង្កើនកម្លាំងចិត្តបុគ្គលិក ខណៈពេលដែលដោះស្រាយបញ្ហាសង្គមទូទៅ។ ទោះបីជាមានមតិប្រឆាំងក៏ដោយ វាបង្ហាញពីការចាប់អារម្មណ៍កាន់តែច្រើនរបស់សេដ្ឋកិច្ចឯកជនក្នុងការដោះស្រាយបញ្ហាសង្គមតាមរយៈគំនិតផ្ដូចផ្ដើមនៅកន្លែងធ្វើការ៕